រថយន្តកូរ៉េដឹកកម្មករបើកលើផ្លូវខាងខណ្ឌដង្កោសុខៗ ដាច់កង់របូតបោះទៅបុកម៉ូតូកំពុងបើកលើផ្លូវ បណ្តោលឱ្យបុរសជាកម្មករសំណង់ម្នាក់បោកក្បាលស្លាប់ភ្លាមៗ ខណ្ឌកំបូល
បង្កដោយរថយន្តកូរ៉េ ម៉ាកហុីយ៉ាន់ដាយ ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 2AS-0346 ជារថយន្តដឹកកម្មកររោងចក្រ អ្នកបើកបរ បានគេចខ្លួនបាត់ បន្សល់ទុកតែរថយន្តនៅកន្លែងកើតហេតុ និងដាច់កង់ម្ខាង ខាងក្រោយ ។
ចំណែកជនរងគ្រោះ ឈ្មោះ ថូ ឆានន្នី ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរ កម្មករសំណង់មានស្រុកកំណើត នៅខេត្តកំពង់ឆ្នាំង ជិះម៉ូតូម៉ាកហុងដាវ៉េវ ពណ៍ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1I-5087 ជាមធ្យោបាយ មានប្រពន្ធឈ្មោះ វ៉យ រ៉យ អាយុ២៥ឆ្នាំ មុខរបរ កម្មការនីរោងចក្រ មានស្រុកកំណើតនៅភូមិក្រាំងតាយ៉ង ឃុំក្រាំងតាយ៉ង ស្រុកពាមជរ៍ ខេត្តព្រៃវែង ។ គ្រួសារជនរងគ្រោះមានកូនស្រីម្នាក់ អាយុជាង១ខួប ក្នុងបន្ទុកគ្រួសារ ស្នាក់នៅផ្ទះជួលក្នុងភូមិត្រពាំងជ្រៃ សង្កាត់កាកាបទី២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ៕
តាមប្រភពពត៍មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុ រថយន្តបង្កដឹកកម្មកររោងចក្រ បើកបរក្នុងទិសដៅពីត្បូងទៅជើងលើចំណុចផ្លូវខាងខណ្ឌដង្កោ ដល់ខាងមុខវិទ្យាល័យពងទឹក ស្រាប់តែរថយន្តដាច់កង់ក្រោយខាងឆ្វេង បោះឆ្លងផ្លូវទៅបុកម៉ូតូជនរងគ្រោះកំពុងជិះក្នុងទិសដៅពីជើងទៅត្បូង លើចំណុចផ្លូវខាងខណ្ឌកំបូល បណ្តាលឲ្យធ្លាក់ជនរងគ្រោះបោកក្បាលស្លាប់ភ្លាមៗនៅកន្លែង រីឯម៉ូតូអូសទៅមុខបានចំងាយជិត១០០ម៉ែត្រទើបធ្លាក់ចូលក្នុងទឹកប្រឡាយ ចំណែកអ្នកបើកបររថយន្ត និងកម្មករជិះលើរថយន្តឃើញសភាពមិនស្រួលនាំគ្នាចុះគេចបាត់អស់ នៅសល់តែរថយន្តនៅនិងកន្លែងកើតហេតុ៕
បើតាមគ្រួសារសព នៅកន្លែងកើតហេតុ ស្ត្រីជាប្រពន្ធយំសោកបោកខ្លួន ហើយមុនកើតហេតុ ជនរងគ្រោះជិះម៉ូតូចេញពីផ្ទះជួលនៅភូមិត្រពាំងជ្រៃឆ្ពោះទៅធ្វើការងារនៅ ភូមិកំពង់ទួល ឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ទើបតែដល់ចំណុចខាងលើក៏ជួបគ្រោះថ្នាក់បែបនេះតែម្តង ។
ក្រោយកើតហេតុសមត្ថកិច្ចទាំងខណ្ឌដង្កោ និងខណ្ឌកំបូល បានចុះសហការគ្នានិងបានពិនិត្យ សពត្រូវប្រគល់ជូនក្រុមគ្រួសារចាត់ចែងដឹកយកទៅធ្វើបុណ្យនៅស្រុកកំណើត រីឯមធ្យោបាយពាក់ព័ន្ធ រថយន្តនិងម៉ូតូ សមត្ថកិច្ចវាស់វែងរួច យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឌាននគរបាលរាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕ដោយ៖កោះនរាហ៍








0 Comments