រដ្ឋមន្ដ្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ ក្រើនរំលឹកដល់ប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នអោយបានខ្ពស់ ខណៈ កូវីដ បំប្លែងខ្លួនថ្មី Delta ឆ្លងចូល កម្ពុជា
កំពង់ចាម៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានក្រើនរំឭកដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នអោយបានខ្ពស់បន្ថែមទៀតក្នុងការថែរក្សា សុខភាពឲ្យបានល្អ តាមរយៈវិធានការ៣កុំ ៣ការពារ ខណៈ ជំងឺកូវីដ-១៩ បំប្លែងខ្លួនថ្មី Delta ឆ្លងចូលមកកម្ពុជា។
ការថ្លែងនេះរបស់រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុង ឱកាសអញ្ជើញនាំយកនូវទៀនចំណាំព្រះវស្សា ព្រមទាំងទេយ្យទាន និង បច្ច័យ ប្រគេនចំពោះបណ្តាវត្តចំនួន ៥ និងឧបត្ថម្ភគ្រឿងឧបភោគបរិភោគនិងថវិកា៧លានរៀលជូនប្រជាពលរដ្ឋចំនួន១០០គ្រួសារដែលខ្វះខាតក្នុងដំណាក់កាលកូវីដ-១៩ នៅទីអារាមវត្តពោធិរិទ្ធហៅវត្តត្នោតស្ថិតក្នុងឃុំ កោះសូទិន នាថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១។
លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា បានជំរុញ ដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ និងកុមារ ចាប់ពីអាយុ ១២ ឆ្នាំឡើងទៅ ហើយនឹងមានគម្រោងចាក់វ៉ាក់សាំងដូសទី ៣ ជូនដល់អ្នកដែលបាន ចាក់២លើករួច ជាពិសេសក្រុមជួរមុខតាមព្រំដែន។
ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រី បានបញ្ជាក់ជាថ្មីម្តងទៀតថាការចាក់វ៉ាក់រួចហើយគឺនៅតែឆ្លង ប្រសិនបើ យើងមិនបានការពារឲ្យបានត្រឹមត្រូវនោះ ទេ ប៉ុន្តែសម្រាប់អ្នកបានចាក់២ដងរួច ការឆ្លងនោះគឺមានកម្រិតស្រាលហើយព្យាបាលឆាប់ជាសះ ស្បើយ។
លោកថាប្រៀបធៀបជាមួយការពាក់មួកសុវត្ថិភាព ហើយមិនមែនការពារ មិនឲ្យគ្រោះថ្នាក់ចរាចរណ៍នោះទេ បើសិនជាយើងមិនមានការប្រុងប្រយ័ត្ន៕ផាន់ណា រាយការណ៍ព័ត៌មាន










0 Comments