គ្រូបង្រៀនចូលនិវត្តន៍ម្នាក់បង្កាត់ភ្លើងដាំបាយ មិនប្រយ័ត្ន បណ្តាលឲ្យឆេះផ្ទះ១ខ្នងអស់ទាំងស្រុង និង១ខ្នងទៀតឆេះអស់មួយចំហៀងខាងក្រោយ!
(ខេត្តព្រៃវែង)៖ ហេតុការណ៍នេះបានបង្កការណ៍ភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង1និង30នាទីរសៀលថ្ងៃទី2 មករា ឆ្នាំ2022 នេះនៅចំណុចខាងមុខឃ្លាំងលេខ35 ក្នុងភូមិឧត្តម ឃុំព្រែកខ្សាយ(ក) ស្រុកពាមរក៍ ខេត្តព្រៃវែង ។
ប្រភពពត៌មានពីសមត្ថកិច្ចមូលដ្ឋាន បានអោយដឹងថា ផ្ទះដែលត្រូវភ្លើងឆាបឆេះនេះ មានចំនួន2ខ្នង ដែលផ្ទះទី1 ជាប្រភេទផ្ទះឈើប្រក់ក្បឿង មានទំហំ7ម៉ែត្រ គុណ10ម៉ែត្រ ត្រូវភ្លើងឆេះអស់ទាំងស្រុង មានម្ចាស់ឈ្មោះ ហ៊ឹម សូភី ភេទស្រី អាយុ59ឆ្នាំ មុខរបរជាគ្រូបង្រៀនចូលនិវត្តន៍ ស្នាក់នៅភូមិឃុំកើតហេតុខាងលើ និងផ្ទះទី2 ជាប្រភេទផ្ទះឈើ ជញ្ជាំង និងដំបូលប្រក់សង្ក័សី មានទំហំ 6ម៉ែត្រ គុណ 8ម៉ែត្រ ត្រូវភ្លើងឆេះអស់ជញ្ជាំងមួយកំណាត់ខាងក្រោយ មានម្ចាស់ឈ្មោះ ពេជ្រ វ៉ាត ភេទប្រុស អាយុ61ឆ្នាំ មុនរបរលក់ដូរ ស្នាក់នៅភូមិឃុំកើតហេតុខាងលើ។
លោក សេង ពន្លក អធិការនគរបាលស្រុកពាមរក៍ បានអោយដឹងថា មូលហេតុដែលបង្កអោយកើតជាអគ្គីភ័យនេះឡើង គឺដោយសារតែអ្នកស្រី ហ៊ឹម សូភី ជាម្ចាស់ផ្ទះ បានបង្កាត់ភ្លើងដាក់ដាំបាយនៅខាងក្រោយផ្ទះ រួចទុកចោលចេញទៅក្រៅបាត់ ហើយទំនងជាគល់អុសធ្លាក់ពីចង្ក្រានមកចំសំរាមដែលនៅក្បែរនោះ ទើបឆាបឆេះបង្កជាអគ្គីភ័យបែបនេះឡើង តែទោះជាយ៉ាងណា ក្រោយពីកើតហេតុភ្លាមៗ លោកក៏បានបញ្ជាអោយកំលាំងយករថយន្តពន្លត់អគ្គិភ័យ ចុះមកជួយអន្តរាគមន៍ភ្លាមៗ ដោយប្រើទឹកបាញ់ពន្លត់អស់ចំនួន3រថយន្ត និងរួមផ្សំជាមួយអ្នកស្រុកជិតខាង ជួយដាក់ទុយោបាញ់ពន្លត់ផងនោះ ដោយប្រើពេលវេលាអស់1ម៉ោង ក៏អាចពន្លត់ភ្លើងបានជាស្ថាពរ។
លោកអធិការបានបញ្ជាក់ថា គ្រោះអគ្គីភ័យនេះ មិនបានបណ្តាលអោយមានគ្រោះថ្នាក់ដល់មនុស្សនិងសត្វនោះទេ គឺគ្រាន់តែធ្វើអោយខូចខាតទ្រព្យសម្បត្តិក្នុងផ្ទះទាំង2ខ្នងប៉ុណ្ណោះ ប៉ុន្តែគេនៅមិនទាន់អាចដឹងថា ការខូចខាតទាំងអស់សរុបជាទឹកប្រាក់ មានចំនួនប៉ុន្មាននោះទេ ៕រាយការណ៍ សុភ័ក្ក&នាយពាង ភ្នាក់ងារយកព័ត៌មានប្រចាំខេត្តព្រៃវែង






0 Comments